៣២ ឱសេចក្ដីស្រឡាញ់របស់ព្រះ


១. មើលដួងចន្រ្ទារះភ្លឺថា លើវេហាស៍ស្រទន់ដួងរស្មី
ចាំបំភ្លឺលោកពេលរាត្រី ជាដួងរស្មីប្រទាន
ឱ្យចិត្តមនុស្សគ្រប់ប្រាណ បានក្ដីកម្សាន្តក្នុងភពងងឹត ។


២. ដួងពន្លឺច័ន្ទធំអស្ចារ្យ សព្វលោកាដោយក្ដីស្រឡាញ់ពិត
ព្រះគ្រីស្ទស្នេហ៍លោកិយជាប់ស្និទ្ធ គ្រាលះជីវិតបង់ព្រះជន្ម
ទ្រង់ស្រឡាញ់លើសលន់ ផ្សព្វផ្សាយព្រោះគុណដោយក្ដីមេត្តា ។


៣. ឱក្ដីស្រឡាញ់របស់ព្រះ សម្ដែងច្បាស់ឱ្យឃើញយ៉ាងអស្ចារ្យ
ភាពស្រទន់ដូចដួងច័ន្ទថ្លា លើកលែងទោសាប្រោសកូនស្ងួន
ថ្វាយអង្គទ្រង់ឱ្យថួន ថ្លៃលោះបាបកូនដោយព្រះលោហិត ។


៤. តើមានអ្នកណាវាស់ថ្លឹងបាន ប៉ាន់ប្រមាណស្នេហ៍ទ្រង់លើសជីវិត
ច័ន្ទរះឆ្ងាយភ្លឺសាយមកជិត ដូចភាពស្នេហ៍ស្និទ្ធពីឋានសួគ៌
ដ្បិតទ្រង់ហើយជាតួ នៃសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ ។


ចែករំលែក:

0 មតិយោបល់:

Post a Comment